នាថ្ងៃអង្គារ ១០ រោច ខែមាឃ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅខេត្តស្វាយរៀង,អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្ដម អ៊ុ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យ, មន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ. បាន រៀបចំទស្សនកិច្ចសិក្សាស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅតាមតំបន់ស្ថិតនៅជាប់ព្រំដែនខេត្តស្វាយរៀង និងខេត្តតៃនិញនៃប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តមអភិបាលរង លោក លោកស្រីតំណាងអភិបាលនៃគណៈអភិបាលរាជធានី-ខេត្តចំនួន ១៥, ឯកឧត្តម លោក លោកស្រីតំណាងក្រសួងបរិស្ថាន, រដ្ឋាករទឹកស្វយ័តខេត្តស្វាយរៀង និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង២៥។ តាមរបៀបវារៈនៃកម្មវិធីទស្សនកិច្ចសិក្សាថ្ងៃទី២, អ.គ.ហ. បាន៖
(១).រៀបចំកិច្ចប្រជុំជាមួយរដ្ឋបាលខេត្តស្វាយរៀង ដែលដឹកនាំដោយឯកឧត្ដម ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដើម្បីពិភាក្សាអំពីស្ថានភាពសេដ្ឋកិច្ច និងការរៀបចំរបាយការណ៍វិភាគភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាម (SWOT) ខេត្តស្វាយរៀង ដើម្បីកំណត់សក្តានុពល និងបញ្ហាប្រឈម ក្នុងការអភិវឌ្ឍន៍ខេត្ត។ ឆ្លៀតក្នុងឱកាសនេះ, អ.គ.ហ. បានប្រគល់កុំព្យូទ័រជូនដល់រដ្ឋបាលឃុំ-សង្កាត់នៃខេត្តស្វាយរៀង តាមរយៈរដ្ឋបាលខេត្ត សម្រាប់គាំទ្រដល់ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋតាមប្រព័ន្ធ SARMIS ឱ្យបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា។
(២).ដឹកនាំគណៈប្រតិភូធ្វើដំណើរទស្សនកិច្ចសិក្សាទៅកាន់រោងចក្រ កៃនីង មេថល ប្រូដាក់ (ខេមបូឌា) ឯ.ក (សម្ភារៈផ្ទះបាយ, អំពូលភ្លើងលំអរ និងគ្រឿងសង្ហារិម។ល។) នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស ព្រមទាំងបានជួបពិភាក្សាជាមួយម្ចាស់តំបន់សេដ្ឋកិច្ចអំពីការគ្រប់គ្រង និងផែនការទាក់ទាញក្រុមហ៊ុនផ្សេងៗ មកវិនិយោគ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ព្រមទាំងពិភាក្សាអំពីការគ្រប់គ្រងសង្វាក់ផលិតកម្ម និងកាកសំណល់ចេញពីរោងចក្រ ដើម្បីធានានូវ ការការពារបរិស្ថាន បានត្រឹមត្រូវ។